Quantcast
Channel: Blog of William E. Todd, U.S. Ambassador to the Kingdom of Cambodia » Religion
Viewing all articles
Browse latest Browse all 6

សូម​ជូនពរ​ដល់​លោក​អ្នក​ទាំងអស់ ក្នុង​ខែ​បុណ្យ​រ៉ាម៉ាដាន

$
0
0

អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ទូទាំង​សាកលលោក​កំពុង​តែ​ប្រារព្ធ​បុណ្យ​រ៉ាម៉ាដាន ដែល​ជា​បុណ្យ​សាសនា​ដ៏​សំខាន់​បំផុត​ក្នុង​សាសនា​ឥស្លាម​។ នៅ​ក្នុង​អំឡុង​ពេល​នេះ​នៃ​ការ​ធ្វើ​ការ​ត្រិះរិះ និង​ការ​ប្តេជ្ញាចិត្ត​ជា​ថ្មី អ្នក​កាន់​សាសនា​ធ្វើ​ការ​តម​អាហារ​រាល់​ថ្ងៃ ចាប់​ពី​ពេល​មុន​ថ្ងៃ​រះ រហូត​ដល់​ពេល​ថ្ងៃ​លិច ដើម្បី​បង្កើន​អំណរគុណ និង​ការ​ភ្ញាក់​រលឹក​ពី​ក្តី​មេត្តា​របស់​ព្រះ​។ អំឡុង​ពេល​នេះ​ក៏​ជា​ពេល​នៃ​ការ​ផ្តល់​អំណោយ​ទាន​ផង​ដែរ ដោយ​អ្នក​កាន់​សាសនា​ឥស្លាម​ជួយ​អ្នក​ដែល​រងគ្រោះ​ដោយ​សង្គ្រាម ការ​អត់​ឃ្លាន ភាព​ក្រីក្រ និង​ជំងឺ​។ នៅ​ប្រទេស​កម្ពុជា ក្រុម​ចាម​ដែល​មាន​ចំនួន​ភាគ​តិច ក៏​កំពុង​ប្រារព្ធ​បុណ្យ​រ៉ាម៉ាដាន​ផង​ដែរ ដែល​ជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង ៥ ក្នុង​សាសនា​ឥស្លាម​។ ក្នុង​រយៈពេល​ដែល​ខ្ញុំ​ធ្វើ​ជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ចាត់​ទុក​ការ​កសាង និង​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ជាមួយ​គ្រប់​សហគមន៍​ទាំងអស់​នៅ​កម្ពុជា ដោយ​រួម​ទាំង​ក្រុម​ចាម​ដែល​កាន់​សាសនា​ឥស្លាម​ផង គឺ​ជា​អាទិភាព​មួយ​សំរាប់​ស្ថានទូត​អាមេរិក​។

ជាមួយអ្នកមកពីសហគមន៍ចាមកាន់សាសនាឥស្លាម នៅក្នុងពិធីបរិភោគអាហារស្រាយបួស Eid al-Fitr នៅក្នុងស្ថានទូត។

ជាមួយ​អ្នក​មក​ពី​សហគមន៍​ចាម​កាន់​សាសនា​ឥស្លាម នៅ​ក្នុង​ពិធី​បរិភោគ​អាហារ​ស្រាយ​បួស Eid al-Fitr នៅ​ក្នុង​ស្ថានទូត​។

ក្នុង​មួយ​ឆ្នាំ​ៗ​ពេញ ស្ថានទូត​អាមេរិក​ចូលរួម​ជាមួយ​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា នៅ​ក្នុង​ការ​ខិតខំ​ជួយ​ពង្រឹង​សហគមន៍​របស់​គេ តាមរយៈ​កម្មវិធី​មួយ​ចំនួន​។ ឧទាហរណ៍ យើង​បាន​រៀបចំ​ពិធី​អាហារ​ស្រាយ​បួស (Iftar) សំរាប់​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម ដើម្បី​អបអរ​ពិធី​នៅ​ដំណាច់​បុណ្យ​រ៉ាម៉ាដាន​។ កម្មវិធី​ផ្តល់​អាហារូបករណ៍​ខ្នាត​តូច​ផ្នែក​ភាសា​អង់គ្លេស​របស់​យើង​ផ្តល់​ឱកាស​ដល់​សិស្ស​នៅ​កម្ពុជា​រាប់​រយ​នាក់ ក្នុង​មួយ​ឆ្នាំ​ៗ ដោយ​ផ្តោត​ជា​ពិសេស​លើ​សហគមន៍​នៃ​អ្នក​កាន់​សាសនា​ឥស្លាម ដើម្បី​លើក​កំពស់​ជំនាញ​របស់​គេ​ផ្នែក​ភាសា​អង់គ្លេស​។ នៅ​ក្នុង​ប្លក់​កន្លង​មក​របស់​ខ្ញុំ ខ្ញុំ​បាន​សរសេរ​អំពី​ការ​ដែល​កម្មវិធី​នេះ​បាន​ធ្វើ​អោយ Afiny Math អាច​រក​បាន​ការងារ​ធ្វើ ដោយ​ប្រើ​ជំនាញ​ផ្នែក​ភាសា​អង់គ្លេស​របស់​នាង ដើម្បី​កសាង​អនាគត​មួយ​ភ្លឺ​ស្វាង សំរាប់​នាង និង​សំរាប់​គ្រួសារ​នាង​។

Afiny Math ដែលបានរៀនចប់ក្នុងកម្មវិធីអាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសរបស់ស្ថានទូតអាមេរិក គឺជាជនគំរូម្នាក់ និងជាឧទាហរណ៍ដ៏ល្អមួយស្តីពីការដែលការរៀនភាសាអង់គ្លេសអាចផ្តល់ផលសំរាប់ជីវិត។

Afiny Math ដែល​បាន​រៀន​ចប់​ក្នុង​កម្មវិធី​អាហារូបករណ៍​ខ្នាត​តូច​ផ្នែក​ភាសា​អង់គ្លេស​របស់​ស្ថានទូត​អាមេរិក គឺ​ជា​ជន​គំរូ​ម្នាក់ និង​ជា​ឧទាហរណ៍​ដ៏​ល្អ​មួយ​ស្តីពី​ការ​ដែល​ការ​រៀន​ភាសា​អង់គ្លេស​អាច​ផ្តល់​ផល​សំរាប់​ជីវិត​។

លើស​ពី​នេះ​ទៀត យើង​បាន​ជំរុញ​​អត្ថន័យ​នៃ​ការ​អត់​ឱន​ផ្នែក​សាសនា និង​ការ​ប្រឆាំង​ហឹង្សា​តាមរយៈ​ការ​ប្រគំ​តន្រ្តី​សន្តិភាព​ដៅ​លើ​យុវជន ដែល​ត្រូវ​បាន​ធ្វើ​នៅ​ទូទាំង​ប្រទេស​។ ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​បាន​ទស្សនា​ការ​ប្រគំ​តន្រ្តី​នៅ​ឆ្នាំ​នេះ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង ពោធិសាត់ និង​ខេត្ត​ត្បូង​ឃ្មុំ​។ កម្មវិធី​របស់​យើង​ដែល​មាន​ឈ្មោះ​ថា កម្មវិធី​សំណេះសំណាល​សាសនិក​ឥស្លាម​អន្ដរជាតិ (Muslim Dialogue Program) ធ្វើ​អោយ​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​កម្ពុជា​បាន​ចូលរួម​ក្នុង​សិក្ខាសាលា ដែល​មាន​វាគ្មិន​ជា​ភ្ញៀវ​មក​ពី​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។ សិក្ខាសាលា​ទាំង​​នេះ​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ជា​ច្រើន ដូចជា​សហប្រតិបត្តិការ​រវាង​សាសនា ការ​ផ្តល់​អំណាច​ដល់​ស្រ្តី ភាព​ជា​អ្នក​ដឹកនាំ​ក្នុង​សហគមន៍ និង​ដំណោះស្រាយ​ចំពោះ​ជំលោះ​។ ស្ថានទូត​អាមេរិក​គាំទ្រ​បេតិកភណ្ឌ​ចាម តាមរយៈ​ការ​បោះពុម្ព​ទស្សនាវដ្តី​ជា​ភាសា​ខ្មែរ និង​ភាសា​ចាម ដែល​មាន​ឈ្មោះ​ថា Mukva ។ ទស្សនាវដ្តី​បែប​នេះ​គឺ​ជា​ទស្សនាវដ្តី​ដំបូង​បំផុត​នៅ​កម្ពុជា ហើយ​មាន​ព័ត៌មាន​និង​រឿង​ទាក់ទង​នឹង​ប្រជាជន​ចាម​កាន់​សាសនា​ឥស្លាម ដោយ​ជួយ​អភិរក្ស​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​បេតិកភណ្ឌ​ផ្នែក​ភាសា និង​វប្បធម៌​របស់​ប្រទេស​កម្ពុជា​។

ប្រជាជនកម្ពុជារាប់ពាន់នាក់បានទស្សនាការប្រគំតន្រ្តីសន្តិភាព ដែលជំរុញភាពអត់ឱនផ្នែកសាសនា និងអហឹង្សា។

ប្រជាជន​កម្ពុជា​រាប់​ពាន់​នាក់​បាន​ទស្សនា​ការ​ប្រគំ​តន្រ្តី​សន្តិភាព ដែល​ជំរុញ​ភាព​អត់ឱន​ផ្នែក​សាសនា និង​អហឹង្សា​។

កុមារីកាន់សាសនាឥស្លាមស្តាប់វាគ្មិនក្នុងកម្មវិធីសំលេងមិនជ្រុលនិយម នៅក្នុងសាលាមួយ ក្នុងខេត្តកំពង់ចាម។

កុមារី​កាន់​សាសនា​ឥស្លាម​ស្តាប់​វាគ្មិន​ក្នុង​កម្មវិធី​សំណេះសំណាល​សាសនិក​ឥស្លាម​អន្ដរជាតិ នៅ​ក្នុង​សាលា​មួយ ក្នុង​ខេត្ត​កំពង់ចាម​។

មាន​កម្មវិធី​មួយ​ចំនួន​តូច​ក្នុង​ចំណោម​កម្មវិធី​ដែល​ឧបត្ថម្ភ​ដោយ​សហរដ្ឋ​អាមេរិក ដែល​កំពុង​ជួយ​ឥស្លាម​សាសនិក​នៅ​កម្ពុជា​អោយ​មាន​ជំនាញ និង​ចំណេះដឹង​ដែល​នឹង​ជួយ​គេ​អោយ​សំរេច​គោលដៅ​របស់​គេ​នៅ​ក្នុង​ជីវិត ហើយ​រួម​ចំណែក​បាន​ល្អ​ដល់​សហគមន៍​របស់​គេ និង​សង្គម​កម្ពុជា​។ ខ្ញុំ​រីករាយ​នឹង​បន្ត​ពង្រឹង​ចំណង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នេះ ជាមួយ​សហគមន៍​ឥស្លាម​នៅ​កម្ពុជា​។

ជា​ទី​​បញ្ចប់ ខ្ញុំ​សូម​ជូនពរ​ដល់​ឥស្លាម​សាសនិក​ទាំងអស់ ក្នុង​ខែ​បុណ្យ​រ៉ាម៉ាដាន​នេះ​។ ខ្ញុំ​សង្ឃឹម​ថា បុណ្យ​រ៉ាម៉ាដាន​នេះ​ពោរពេញ​ទៅ​ដោយ​ពរ​ជ័យ​សំរាប់​លោក​អ្នក និង​គ្រួសារ​របស់​លោក​អ្នក​។


Viewing all articles
Browse latest Browse all 6

Latest Images

Trending Articles





Latest Images